ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដ៏ចំណាស់នៅកម្ពុជា ទទួលបានសមណនិស្សិត-និស្សិតជាង១ពាន់អង្គ/នាក់ សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨
Wednesday, 07 Jun 2017 21: 34
(ភ្នំពេញ)៖ ព្រះធម្មឃោសាចារ្យ ឃី​ សុវណ្ណរតនា ព្រះសាកលវិទ្យាធិការទទួលបន្ទុក នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាថា គិតមកដល់ឆ្នាំសិក្សា ២០១៧-២០១៨ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទទួលបានសមណនិស្សិត-និស្សិត ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុបទាំង៣ទីតាំង រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបងមានចំនួន១១៣៨អង្គ/នាក់​ ក្នុងនោះ មានបព្វជិត៤៨៥អង្គ។

ព្រះធម្មឃោសាចារ្យ ឃី​ សុវណ្ណរតនា​ មានសង្ឃដីកាឲ្យដឹង ពីក្នុងកម្មវិធីបើកបវេសវនកាលឆ្នាំសិក្សា២០១៧ ២០១៨ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ រៀបចំធ្វើនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ នៅក្រសួងធម្មការ និងសាសនា។

នៅក្នុងពិថីបើកបវរសនការនោះ ក៏មានការអញ្ជើញចូលរួមពីលោក ផ្លោក ផន រដ្ឋលេខាធិការ នៃក្រសួងធម្មការ និងសាសនាតំណាងទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនារួមនឹងសមណនិស្សិត-និស្សិតជាច្រើនរូបទៀត។

ព្រះធម្មឃោសាចារ្យ ឃី​ សុវណ្ណរតនា មានសង្ឃដីកាបន្ថែមថា ការមកសិក្សានៅទីនេះ មិនមែនត្រឹមតែមកយកចំណេះដឹងពីគ្រូពី សាសាប៉ុណ្ណោះទេ តែត្រូវមានការប្រព្រឹត្តល្អ មានគុណធម៌ និងមានប្រតិបត្តិឲ្យបានត្រឹមត្រូវ។ នេះគឺជាការចង់បានរបស់សាលា និងរបស់ក្រសួងធម្មការ និងសាសនា និងរបស់សង្គមជាតិ។

សាកលវិទ្យាធិការទទួលបន្ទុក នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឃី​ សុវណ្ណរតនា មានសង្ឃដីកាថា «ការសិក្សាកើតចេញពីការខិតខំប្រឹងប្រែង ទើបទទួលបានចំណេះដឹង បទពិសោធន៍ សមត្ថភាព ប៉ុន្តែស្ថាប័នគឺជាកន្លែងដែលសំខាន់ដែរ សម្រាប់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជាសាកលវិទ្យាល័យចំណាស់មួយ គឺមានការទទួលស្គាល់ និងប្រវត្ថិល្បីល្បាញតាំងពីដើមមក។ បច្ចុប្បន្ននេះ ក៏មានការទទួលស្គាល់ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ជាសមាជិកគណៈកម្មាការទទួលស្គាល់ការអប់រំនៅកម្ពុជា ហៅកាត់ថា ACC ដែលបានវាយតម្លៃឲ្យ យើងចូលរួមដោយពេញសិទ្ធិ និងមានទំនាក់ទំនងល្អជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ដោយមានការផ្លាស់ប្តូរ និងបណ្តុះបណ្តាល សាស្រ្តចារ្យទៅវិញទៅមក និងការស្រាវជ្រាវលើគម្រោងរួមគ្នាជាដើម)»។

ព្រះធម្មឃោសាចារ្យ ឃី​ សុវណ្ណរតនា មានសង្ឃដីការំពឹងទុកថា រយៈពេល៣ឆ្នាំខាងមុខ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នឹងមានទីធ្លាទូលាយ មានបន្ទប់សម្រាប់បណ្តុះបណ្តាល និងអាចឈានដល់ការបើកថ្នាក់បណ្ឌិតបានថែមទៀត។

ជាមួយគ្នានោះលោក ផ្លោក ផន បានលើកឡើងថា ពិធីបើកបើកបវេសវនកាលឆ្នាំសិក្សា ២០១៧-២០១៨ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ បានរៀបចំធ្វើជារៀងរាល់ឆ្នាំ ហើយសាកលវិទ្យាល័យចំណាស់១នេះ ក៏ទទួលបានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រវិស័យព្រះពុទ្ធសាសនា និងធនធានមនុស្ស ដែលមានតួនាទីសំខាន់ ក្នុងការអភិវឌ្ឍប្រទេសប៉ុណ្ណោះទេ ប៉ុន្តែនេះជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ និងបង្កើនធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៃក្រសួងអប់រំ យុវជន និងកីឡា និងពុទ្ធិសាកលវិទ្យាល័យ ព្រះសីហនុរាជ នៃក្រសួង ធម្មការ និងសាសនា បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ជាផ្លូវការ ស្តីពីកិច្ចសហប្រតិបត្តិការ ផ្នែកស្រាវជ្រាវនិងការបណ្តុះបណ្តាល។

ការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៃក្រសួងអប់រំ យុវជន និងកីឡា និងពុទ្ធិ សាកលវិទញយាល័យព្រះសីហនុរាជនៃក្រសួងធម្មការ និងសាសនា មាន៥ចំណុចសំខាន់ៗរួមមាន៖

១៖ ផ្លាស់ប្តូរសាស្រ្តចារ្យ និងបទពិសោធន៍
២៖ ផ្លាស់ប្តូរនិស្សិត ដោយមានការទទួលស្គាល់ប្រព័ន្ធក្រេឌីតគ្នាទៅវិញទៅមក
៣៖ រៀបចំសកម្មភាពអភិវឌ្ឍសមត្ថភាពសាស្រ្តចារ្យលើផ្នែកខេមរសិក្សា
៤៖ សហការលើសកម្មភាពសិក្សាអប់រំ និងបណ្តុះបណ្តាល ព្រមទាំងការរៀបចំសិក្ខាសាលា សន្និសីទខេមរសិក្សា
៥៖ សហការរៀបចំគម្រោងស្រាវជ្រាវងំពីខេមរសិក្សា ដោយផ្តោតសំខាន់ទៅលើពុទ្ធសាសនា និងទស្សនវិជ្ជា៕