សមាជិក អាស៊ានទាំង១០
Thursday, 17 May 2012 03: 53

១. ព្រះរាជាណាចក្រកម្ពុជា


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចកើតនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ១៩៥២ (ចុះបញ្ជីផ្លូវការថ្ងៃទី៤ ខែ មេសា ឆ្នាំ១៩៥១) នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ សម្ដេចបានសិក្សានៅក្នុងស្រុកភូមិ ហើយនៅឆ្នាំ១៩៦៤ បានមករស់នៅក្នុងវត្ដនាគវ័ន នាទីក្រុងភ្នំពេញ ដើម្បីបន្ដការសិក្សា នៅវិទ្យាល័យឥន្ទ្រទេវី។ មើលឃើញពីការប្រល័យពូជសាសន៍ នៃនយោបាយរបស់ ប៉ុល ពត នៅឆ្នាំ១៩៧៧ សម្ដេចបានចាក ចេញពីគ្រួសារជាទីស្រឡាញ់ ដើម្បីដឹកនាំចលនាតស៊ូ មួយ ដែលមានគោលបំណងដោះប្រទេសកម្ពុជា និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ។ ដោយមានការ ចូលរួម ជាមួយចលនាស្នេហាជាតិនានា និងការគាំទ្រ ពីកងកម្លាំងស្ម័គ្រចិត្ដវៀតណាម រណសិរ្សបានសង្គ្រោះប្រទេស និងប្រជាជនកម្ពុជាទាំងស្រុង នៅថ្ងៃទី៧ ខែ មករា ឆ្នាំ១៩៧៩។ សម្ដេចជារដ្ឋមន្ដ្រី ការបរទេសនៅឆ្នាំ១៩៧៩... និងជានាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីការបរទេស ពីឆ្នាំ១៩៨៥ ដល់១៩៩១។ ពីឆ្នាំ១៩៩៣ ដល់ ១៩៩៨ សម្ដេចបានជាប់ឆ្នោត ជាសហនាយករដ្ឋមន្ដ្រី ដែលក្រោយមកជានាយករដ្ឋមន្ដ្រីទី២ នៃរាជរដ្ឋាភិបាលចម្រុះ។ សម្ដេចជាប់ឆ្នោតជានាយករដ្ឋមន្ដ្រី ក្នុងការបោះឆ្នោតឆ្នាំ ១៩៩៨ និងជាប់ឆ្នោតជា នាយករដ្ឋមន្ដ្រីជាបន្ដបន្ទាប់ រហូតដល់បច្ចុប្បន្ន៕

២. ប្រទេសប្រ៊ុយណេ


ព្រះអង្គម្ចាស់ ឧត្ដមសេនីយ៍បណ្ឌិត ហាស់សាណាល់-ប៊ុលគាមូអ៊ូហ្សាឌីន វ៉ាដដូឡះ ប្រសូតនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៤៦។ ព្រះអង្គម្ចាស់មានព្រះរហស្សនាមថា “ព្រះចៅស៊ុលតង់” នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និងជា នាយករដ្ឋមន្ដ្រីដំបូង របស់ប្រទេសប្រ៊ុយណេ។ ទ្រង់គឺជាបុត្រច្បង របស់ព្រះចៅអូម៉ារអាលី សៃហ្វ៊ូដឌៀន ទី៣ ជាព្រះចៅស៊ុលតង់ទី២៨ របស់ប្រ៊ុយណេ។ ក្រោមរដ្ឋធម្មនុញ្ញឆ្នាំ១៩៦២ របស់ប្រ៊ុយណេ ព្រះចៅស៊ុលតង់ គឺជា ប្រមុខរដ្ឋ ជាមួយអំណាចប្រតិបត្ដិពេញលេញ រួមទាំងអំណាចគ្រាអាសន្ន ចាប់តាំងពីឆ្នាំ១៩៦២ផង។ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០០៦ ព្រះចៅស៊ុលតង់អង្គនេះ ត្រូវបានគេរាយការណ៍ថា បានធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាឱ្យទ្រង់ មិនអាចភ្លាំងភ្លាត់នូវច្បាប់របស់ប្រ៊ុយណេ។ ព្រះចៅប៊ុលគា ក៏ជានាយករដ្ឋមន្ដ្រី ក៏ដូចជាការកាន់ តំណែងក្រសួងការពារជាតិ និងក្រសួងហិរញ្ញវត្ថុផងដែរ។ ក្នុងព្រះនាមជារដ្ឋមន្ដ្រីការពារជាតិ ទ្រង់ក៏ជាមេបញ្ជាការកំពូល នៃកម្លាំងប្រដាប់អាវុធភូមិន្ទប្រ៊ុយណេ ជាឧត្ដមសេនីយ៍កិត្ដិយស នៅក្នុងកម្លាំងប្រដាប់អាវុធអង់គ្លេស និងឥណ្ឌូនេស៊ី និងជាឧត្ដមនាវី នៃកងនាវានៅក្នុង កងទ័ពជើងទឹកអង់គ្លេស។ ទ្រង់បានតែងតាំងខ្លួនព្រះអង្គផ្ទាល់ ជាអគ្គស្នងការប៉ូលិស នៃកម្លាំងប៉ូលិសភូមិន្ទប្រ៊ុយ ណេ។ ព្រះអង្គបានថ្លែងទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិ ស្ដីពីការចូលរួមជាសមាជិក អ.ស.ប នៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៨៤៕

៣. ប្រទេសឥណ្ឌូនេស៊ី


លោក ស៊ូស៊ីឡូ បាំបាំង យុទ្ធោយ៉ូណូ កើតនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៤៩ ជាអ្នកនយោបាយឥណ្ឌូនេស៊ី និងជាឧត្ដម សេនីយ៍កងទ័ពចូលនិវត្ដន៍ ដែលបានក្លាយជាប្រធានាធិបតីឥណ្ឌូនេស៊ី ចាប់តាំងពីឆ្នាំ២០០៤មក។ លោក យុទ្ធោយ៉ូណូ បានឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០៤ ដោយយកឈ្នះប្រធានាធិបតីកាលណោះ លោកស្រី ម៉េហ្គាវ៉ាទី ស៊ូកាណូពូទ្រី ត្រូវបានគេស្គាល់ជាទូទៅ ជាមួយឈ្មោះជាអក្សរកាត់ថា "SBY" នៅឥណ្ឌូនេស៊ី ។ លោកបានស្បថចូលកាន់តំណែង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៤ ជាមួយលោក ជូស៊ូហ្វ កាលឡា ក្នុងនាមជាអនុប្រធានាធិបតី។ លោកបានឈរឈ្មោះបោះឆ្នោតជាថ្មី នៅឆ្នាំ២០០៩ ជាមួយលោក ប៊ូឌី យ៉ូណូ ជាគូកនឈរឈ្មោះរបស់លោក និងបានឈ្នះសំឡេងភាគច្រើនដាច់ខាតមួយ នៅក្នុងការបោះឆ្នាតជុំទី១។ លោកបានស្បថចូលកាន់តំណែង ក្នុងអាណត្ដិទី២ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៩។ លោក យុទ្ធោយ៉ូណូ ត្រូវបានគេតែងតាំង ជារដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅក្នុងគណៈរដ្ឋមន្ដ្រីរបស់លោក ប្រធានាធិបតី អាប់ឌួរ៉ាម៉ាន់ វ៉ាហ៊ីដ កាលពីឆ្នាំ១៩៩៩។ យោងតាមសេនីយ៍ វីរ៉ាន់តូ ដែលជួយលោក វ៉ាហ៊ីដ ក្នុងការបង្កើតគណៈរដ្ឋមន្ដ្រី ឱ្យដឹងថា លោកបានផ្ដល់អនុសាសន៍ ដល់ប្រធានាធិបតីរូបនោះថា លោក យុទ្ធោយ៉ូណូ ធ្វើជាអគ្គសេនាធិការកងទ័ពល្អជាង៕

៤. ព្រះរាជាណាចក្រថៃ


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ប្រសូត្រនៅថ្ងៃទី២១ ខែមិថុនា ឆ្ន៉ាំ១៩៦៧ គឺជាស្ដ្រីអ្នកជំនួញថៃម្នាក់ និងអ្នកនយោបាយ ជាសមាជិកនៃគណបក្សភឿថៃ និងជា នាយករដ្ឋមន្ដ្រីទី២៨ បន្ទាប់ពីការបោះឆ្នោតទូទៅ ឆ្នាំ២០១១។ ជំទាវ យីងឡាក់ គឺជានាយករដ្ឋមន្ដ្រីស្ដ្រីទី១ របស់ប្រទេសថៃ ហើយក្នុងវ័យ ៤៤ឆ្នាំ គឺជានាយករដ្ឋ មន្ដ្រីក្មេងបំផុតរបស់ប្រទេសថៃ ក្នុងរយៈពេលជាង៦០ឆ្នាំ។ កើតនៅខេត្ដឈាងម៉ៃ លោកស្រី យីងឡាក់ ទទួលបានសញ្ញាបត្រ បរិញ្ញាបត្រ ពីសាកលវិទ្យាល័យ ឈាងម៉ៃ និងសញ្ញាបត្រអនុបណ្ឌិត ពីសាកលវិទ្យាល័យរដ្ឋកេនតាក់គី ដែលសញ្ញាបត្រទាំងពីរនោះ លើជំនាញរដ្ឋបាល សាធារណៈ។ លោកស្រីបានក្លាយ ជាមន្ដ្រី ប្រតិបត្ដិ នៅក្នុងមុខជំនួញជាច្រើន ដែលបង្កើតឡើងដោយបងប្រុស លោកស្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ដ្រីថៃ។ លោក ថាក់ស៊ីន ត្រូវបានគេ បណ្ដេញចេញពី តំណែងនាយករដ្ឋមន្ដ្រី ដោយរដ្ឋប្រហារយោធា មិនបង្ហូរឈាម កាលពីឆ្នាំ២០០៦។ នៅខែឧសភា ឆ្នាំ២០១១ គណបក្សភឿថៃ ដែលនៅតែមានទំនាក់ ទំនង យ៉ាងជិតស្និទ្ធជាមួយលោក ថាក់ស៊ីន បានតែងតាំងលោកស្រី យីងឡាក់ ជាបេក្ខនារីសម្រាប់តំណែងនាយករដ្ឋមន្ដ្រី ក្នុងការបោះឆ្នោតទូទៅឆ្នាំ ២០១១។ ជាលទ្ធផល គណបក្សភឿថៃ បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ដោយទទួលបាន ២៦៥អាសនៈ នៅក្នុងសភាតំណាងរាស្ដ្រថៃ ដែលមានទាំងអស់ ៥០០អាសនៈ៕

៥. ប្រទេសម៉ាឡេស៊ី


លោក ណាជីប ប៊ីនទុន អាប់ឌុលរ៉ាហ្សាក់ (កើតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៥៣) ជានាយករដ្ឋមន្ដ្រីលើកទី៦ ចាប់តាំងពីឆ្នាំ២០០៩មក។ លោកពីមុនបានកាន់តំណែង ជាឧបនាយករដ្ឋមន្ដ្រី ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០០៤ រហូតដល់លោក បានស្នងតំណែង លោក អាប់ឌុល អះម៉ាត់ បាដាវី ក្នុងនាមជានាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០០៩។ លោក ណាជីប គឺជាប្រធានបក្សអង្គការជាតិ បង្រួបបង្រួមម៉ាឡេស៊ី (UMNO) ។ លោកជាកូនប្រុសនាយករដ្ឋមន្ដ្រីទី២ របស់ប្រទេសម៉ាឡេស៊ី លោកអាប់ឌុល រ៉ាហ្សាក់ និងជាក្មួយប្រុសរបស់ នាយករដ្ឋមន្ដ្រីទី៣ របស់ម៉ាឡេស៊ី លោក ហ៊ូ ស្សេន អុន។ លោក ណាជីប ក៏ជារដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុផងដែរ។
លោក ណាជីប បានស្នងតំណែងលោក បាដាវី នៅពេលមួយ បន្ទាប់ពីរដ្ឋាភិបាលចម្រុះ កំពុងកាន់អំណាច Barisan Nasional របស់លោក បានបាត់បង់ សំឡេង ភាគច្រើន ២/៣ ដែលកាន់កាប់ក្នុងសភា ជាយូរមកហើយ ទៅអតីតឧបនាយករដ្ឋមន្ដ្រី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅក្នុងការបោះឆ្នោតសភា ឆ្នាំ២០០៨។ ចាប់តាំងពី ពេលនោះមក លោក ណាជីប បានព្យាយាមសាងមុខមាត់កណ្ដាលនិយម សម្រាប់ខ្លួនឯងនិងគណបក្ស UMNO តាមរយៈយុទ្ធនាការម៉ាឡេស៊ីលេខ១។ លោក ណាជីប បានចូលកាន់តំណែង ជានាយករដ្ឋមន្ដ្រី ជាមួយនឹងការផ្ដោតលើបញ្ហាសេដ្ឋកិច្ច និងកំណែទម្រង់ នយោបាយក្នុងស្រុក៕

៦. ប្រទេសវៀតណាម


លោក ង្វៀន តឹនយុង (កើតថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៤៩) ជានាយរដ្ឋមន្ត្រីវៀតណាម ។ បន្ទាប់ពីត្រូវ តែងតាំង ដោយលោក ផាន់ វ៉ាន់ ខាយ ដែលបានចូលនិវត្តន៍ លោកក៏ត្រូវបានបញ្ជាក់ដោយសភាជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៦ ។ ចាប់តាំងពីមានសមាជ គណបក្សមួយកាលពីខែមករា ឆ្នាំ២០១១ លោក យុងស្ថិតក្នុងលំដាប់ទី៤ នៃឋានានុក្រមបក្សកុម្មុយនិស្ត របស់វៀតណាម ក្រោមអគ្គលេខាបក្ស ប្រធានាធិបតី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ។
លោក យុង កើតនៅខេត្តកាម៉ូវ វៀតណាមខាងត្បូង ។ នៅថ្ងៃខួបកំណើតលើកទី១២ របស់លោក ត្រូវបានគេនិយាយថា បានស្ម័គ្រចិត្តចូលបម្រើកងទ័ពវៀតកុង ដោយបំពេញការងារ ខាងជំនួយបឋម និងកិច្ចការ ទំនាក់ទំនង។ លោកក៏ធ្លាប់ធ្វើជាគិណនុបដ្ឋាក និងគ្រូពេទ្យផងដែរ ។ លោក យុង ធ្លាប់ត្រូវរបួស៤ដង នៅក្នុងសង្គ្រាមវៀតណាម ហើយក្រោយមកលោកត្រូវ បានគេចាត់ទុកជាទាហាន ជើងចាស់ដែលត្រូវរបួស កម្រិត២/៤ ។ លោកបានបញ្ចាប់ការសិក្សា ថ្នាក់បរិញ្ញាបត្រខាងច្បាប់ នៅសកល-វិទ្យាល័យក្នុងព្រៃបន្ទាប់ពីចប់សង្គ្រាម ។ លោក យុង ធ្លាប់ជាឧបនាយករដ្ឋមន្ត្រីទីមួយ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៧ ។ លោកក៏ធ្លាប់បម្រើការជាទេសាភិបាល ធនាគាររដ្ឋវៀតណាម ចន្លោះពីឆ្នាំ១៩៩៨ និង១៩៩៩ ផងដែរ ៕

៧. ប្រទេសហ្វីលីពីន


លោក បេនីកណូ ស៊ីមែន កូជូងកូ អាគីណូ ទី៣ (កើតថ្ងៃទី៨ កុម្ភៈ ឆ្នាំ១៩៦០) គេក៏ស្គាល់ថាឈ្មោះ ណយណយ អាគីណូ ឬ ភីណយ គឺជាអ្នកនយោបាយ ហ្វីលីពីន ម្នាក់ដែលជាប្រធានាធិបតី ហ្វីលីពីន បច្ចុប្បន្ន និងជាប្រធានាធិបតីទី១៥ តាំងពីខែមិថុនា ឆ្នាំ២០១០ ។ លោក អាគីណូ ជាអ្នកនយោបាយជំនាន់ទី៤ មួយរូបដោយ ជីតាទួតរបស់លោក ឈ្មោះ ស៊ឺវីឡាណូ អាគីណូ ហៅ “មីអាណុង” ជាប្រិតភូតំណាងនៃសភាម៉ាឡូឡូស ជីតារបស់លោកឈ្មោះ បេនីកណូ អាគីណូ ស៊ីនៀរ ជា ប្រធានសភាតំណាងរាស្ត្រ ហ្វីលីពីន ពីឆ្នាំ១៩៤៣ដល់ឆ្នាំ១៩៤៤ ហើយឪពុកម្តាយលោក ជាប្រធានាធិបតី លោកស្រី កូរ៉ាហ្សូន អាគីណូ និងជាព្រឹទ្ធសមាជិក លោក បេនីកណូ អាគីណូ ជូនៀរ ហៅ “នីណយ” ។ លោក អាគីណូទី៣ ជាសមាជិកមួយរូបនៃគណបក្សសេរីនិយម ។ នៅក្នុងគណបក្សសេរីនិយម លោក អាគីណូ បាន កាន់តំណែងជាច្រើន ដូចជាអគ្គលេខាធិការ និងអនុប្រធានគណបក្ស នៅកោះកូហ្សុន ។ បច្ចុប្បន្នលោក អាគីណូ ជាប្រធានគណបក្សសេរីនិយម ។ លោកត្រូវបាន ជាប់ឆ្នោតជាសភាតំណាងរាស្ត្រ ជាអ្នកតំណាង ឲ្យស្រុកទីពីរនៃខេត្តតាឡាក នៅឆ្នាំ១៩៩៨, ២០០១និងឆ្នាំ២០០៤៕

៨. ប្រទេសសិង្ហបុរី


លោក លី ស៊ានឡុង (កើតនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៥២) ជានាយរដ្ឋមន្ត្រីទី៣ និងជានាយករដ្ឋបច្ចុប្បន្ន របស់សិង្ហុបុរី និងជាកូនប្រុសច្បងរបស់ នាយករដ្ឋមន្ត្រីទី១ របស់ សិង្ហបុរី លោក លី ក្វាន់យូ ។ ក្នុងនាមជាសមាជិកម្នាក់នៃគណបក្សសកម្មភាព ប្រជាជន(PAP) លោក លី បានក្លាយជា នាយករដ្ឋមន្ត្រីកាលពីខែសីហា ឆ្នាំ ២០០៤ ដោយស្នងតំណែងលោក ហ្គោចុកតុង ។ លោកគឺជាសមាជិកសភា ចាប់តាំងពីឆ្នាំ១៩៨៤ និងជាសមាជិកមួយរូបរបស់គណៈរដ្ឋមន្ត្រី ចាប់តាំងពីឆ្នាំ១៩៨៧ និងជាមេដឹកនាំសំខាន់ម្នាក់ នៅក្នុងការផ្លាស់ប្តូរ នយោបាយរបស់សិង្ហបុរី ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ ។ មុនពេលក្លាយជានាយករដ្ឋមន្ត្រី លោកបាន បម្រើ ការជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហ៍កម្ម រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាឧបនាយករដ្ឋមន្ត្រី ។ មុនជាប់ឆ្នោតចូលក្នុងសភា លោកបានបម្រើ ការជា មន្ត្រីយោធាម្នាក់ នៅក្នុងកម្លាំងប្រដាបអាវុធសិង្ហបុរី ដោយឡើង ឋានន្តរសក្តិជា ឧត្តមសេនីយ៍ត្រី ។ នៅក្នុងពេលប៉ុន្មាន ខែមុនលោក លី ចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីទី៣ របស់សិង្ហបុរី ក្នុងឆ្នាំ២០០៤ លោកបានបង្ហាញសញ្ញាកំណែទម្រង់រួចជាស្រេច នៅក្នុងវិស័យសំខាន់ៗខ្លះ ដែលក្នុងនោះមានប្រគល់ឱកាស កាន់ តែច្រើនថែមទៀត ទៅឲ្យវិស័យឯកជន និងពលរដ្ឋ ។ ក្នុងចំណោមតួនាទីរបស់រដ្ឋាភិបាល លោកបានបញ្ជាក់ ក្នុងសុន្ទរកថា មួយថា៖ “មេដោះ មិនគួរណាមើលការ ខុសត្រូវអ្វីៗ ទាំងអស់គ្រប់ពេលវេលានោះទេ”៕

៩. ប្រទេសមីយ៉ាន់ម៉ា


លោក ថេន សេន កើតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៤៥ គឺជាអ្នកនយោបាយ មីយ៉ាន់ម៉ា ម្នាក់និងជាអតីត ឥស្សរជនយោធា ដែលបានក្លាយជាប្រធានាធិបតី មីយ៉ាន់ម៉ា ចាប់តាំងពីខែមីនា ឆ្នាំ២០១១ ។ ដើមឡើយ លោក គឺជានាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១១ ។ ជាទូទៅលោកត្រូវបានគេចាត់ទុកថាជាជននិយម កណ្តាល និងអ្នកធ្វើកំណែទម្រង់ដ៏សំខាន់ ក្នុងជួររដ្ឋាភិបាលថ្មីនេះ ។ លោក ថេន សេន បានកើតនៅក្នុងភូមិក្យូនគូ ជាភូមិតូចមួយដែលបច្ចុប្បន្ននេះ គឺជាក្រុងណៃពិដោ ដោយមាន ឪពុកឈ្មោះ ម៉ូង ផ្យូ និងម្តាយឈ្មោះ ឃីន ន្យុង ។ លោកជាកូនពៅ ក្នុងចំណោមបងប្អូនបីនាក់ ។ ឪពុកម្តាយរបស់លោក គ្មានដីស្រែចំការទេ ហើយ ឪពុកលោក បានប្រកបរបរជាអ្នកលីសែង ទំនិញនៅ កំពង់ផែទន្លេ និងត្បាញកន្ទេលឫស្សី ។ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១០១០ លោកបានចូលនិវត្តន៍ពីរបបយោធា ជាមួយនឹងមន្ត្រី យោធា២២រូបទៀត ដើម្បីដឹកនាំគណបក្សសាមគ្គីភាព សហភាព និងអភិវឌ្ឍន៍ ក្នុងនាមជាជនស៊ីវិល ។ ក្នុងអំឡុងពេលបោះ ឆ្នោតទូទៅឆ្នាំ២០១០ លោកគឺជាប្រធានគណបក្សសាមគ្គីភាពសហភាព និងការអភិវឌ្ឍន៍ ដែលបានប្រកួតប្រជែង នៅក្នុងការបោះឆ្នោត ដ៏ចម្រូងចម្រាសមួយ និងបានឈ្នះអាសនៈ ជាច្រើននៅក្នុងសភា (Pyidaungsu Hluttaw) ៕

១០. ប្រទេសឡាវ

លោក ថុងស៊ីង ថាំម៉ាវង់ កើតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៤៤ គឺជាអ្នកនយោបាយឡាវម្នាក់ ដែលបានក្លាយជា នាយករដ្ឋមន្ត្រីឡាវ ចាប់តាំងពីឆ្នាំ២០១០ ។ លោកជា សមាជិកមួយរូបនៃគណបក្សបដិវត្តន៍ ប្រជាមានិតឡាវ (LPRP) និងបានក្លាយជាសមាជិក នៃប្រធានការិយាល័យ នយោបាយបក្សតាំងពីឆ្នាំ១៩៩១ បច្ចុប្បន្ននេះ លោកបម្រើការនៅក្នុងរដ្ឋសភាជាតិឡាវ ដោយតំណាងឲ្យខេត្តលួងប្រាបាង នៅ(មណ្ឌល៦) និងបម្រើការជា ប្រធានរដ្ឋសភាឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ ។ លោកបានក្លាយជានាយករដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១០ ។ ក្នុងនាមជាសមាជិកគណបក្ស LPRP លោក ថុងស៊ីង ថាំម៉ាវង់ ត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រី ឡាវដំបូង បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រី នៅក្នុងខែធ្នូ ឆ្នាំ២០១០ ។ លោក ថុងស៊ីង បានសិក្សានយោបាយ និងរដ្ឋបាលពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨១ មុនពេលក្លាយជា សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រចាំការក៏ដូចជា ប្រធានគណៈកម្មាធិការកាសែត និងវិទ្យុ និអនុប្រធានគណៈកម្មការឃោសនាបក្ស និងបណ្តុះបណ្តាលពី ឆ្នាំ១៩៨២ដល់១៩៨៣ ។ បន្ទាប់មក លោក ថុងស៊ីង បានបម្រើការជារដ្ឋមន្ត្រីព័ត៌មាន និងវប្បធម៌រហូតដល់ឆ្នាំ១៩៨៨ ។ ពីឆ្នាំ១៩៨៩ដល់ឆ្នាំ១៩៩១ លោកគឺជា លេខាបក្ស និងអនុប្រធានសភាកំពូលប្រជាជន និងត្រូវបានដំឡើងតួនាទីទៅជា ប្រធានស្តីទីសភជាតិពីឆ្នាំ១៩៩១ដល់ ១៩៩២ ៕